កីឡាករហ្វីលីពីន John Mcleary ប្រាប់មូលហេតុដែលយំ ក្រោយចាញ់ ចាន់ រតនា

46

កីឡាករហ្វីលីពីន John Mcleary Ornido បាន​អង្គុយ​យំ​ក្នុង​បន្ទប់ ក្រោយ​ពេល​រូប​គេ​ចាញ់​​កីឡាករ​កម្ពុជា ចាន់ រតនា ក្នុង​ការ​ប្រកួត​ល្បុក្កតោ​អាជីព កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ការ​ប្រកួត​៣​ទឹក​ពេញ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​កីឡាករ​ម្ចាស់​ស្រុក ចាន់ រតនា មាន​ប្រៀប​ខាង​​ជំនាញ​វ៉ៃ​ឈរ​ ស្រប​ពេល John Mcleary មាន​ជំនាញ​ខាង​ក្បាច់​ឃ្លេ និង​បោក​ផ្តួល​​។ ទោះ​បី​ជា​យ៉ាង​ណា លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ឲ្យ​ឃ្លេ​ក្រោម​បាន​ត្រឹម​តែ​២០​វិនាទី​ប៉ុណ្ណោះ ដូច្នេះបើធ្វើ​អ្វី​មិន​បាន​ទេ​ត្រូវ​អាជ្ញា​កណ្តាល​បំបែក​ឲ្យ​ក្រោក​ឡើង​ប្រកួត​ឈរ​វិញ។ តាម​រយៈ​ការ​ប្រកួត​នេះ ចៅ​ក្រម​បានសម្រេច​ឲ្យ ចាន់ រតនា ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។

នៅលើ​សង្វៀន​ចំពោះ​មុខ​អ្នក​គាំទ្រ John Mcleary Ornido មិន​បាន​បង្ហាញ​សញ្ញា​​អ្វី​ដែល​បញ្ជាក់​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ឡើយ ប៉ុន្តែ​នៅ​ពេល​​ចូល​ទៅ​ដល់​បន្ទប់ផ្លាស់​សម្លៀក​បំពាក់ រូប​គេ​បាន​អង្គុយ​យំ​ម្នាក់​ឯង។ កីឡាករ​បាន​ប្រាប់​សារព័ត៌មាន«កម្ពុជា​ថ្មី​»​ថា រូប​គេ​យំ​មិន​មែន​ដោយសារ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ចៅ​ក្រម​កាត់​សេចក្តី​ទេ ប៉ុន្តែ​យំ​ដោយសារ​មិន​អាច​យក​ជ័យជម្នះ​ជូន​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​បាន។

កីឡាករ​បាន​និយាយ​ថា ៖«ពិតណាស់ ការប្រកួតនេះ ខ្ញុំបានឃ្លាត​ឆ្ងាយ​ពីក្រុមគ្រួសារ អត់បានរៀនសូត្រ។ តាមពិតទៅ ខ្ញុំត្រូវរៀន តែ​ខ្ញុំ​ទុក​ចោល​ការ​សិក្សា​។​ ខ្ញុំមានគ្រួសារដែលកំពុងរង់ចាំនៅផ្ទះ»។

«អ្នកគាំទ្រពិតជាអស្ចារ្យ ចៅក្រមដាក់ពិន្ទុមិន​អី​​ទេ។ ខ្ញុំបាន​ប្រឹង​អស់ពីលទ្ធភាពហើយ តែមិនអាចសម្រេចបំណង​បាន​។ អីចឹង​ហើយបានជាខ្ញុំយំ។ ចាញ់គឺចាញ់ គ្មានអ្វីត្រូវតវ៉ា​ទេ​ ចាញ់គឺចាញ់ហើយ។ កីឡាតែងតែមានឈ្នះចាញ់»។ កីឡាករហ្វីលីពីន John Mcleary Ornido បាន​បញ្ជាក់។

កីឡាករ John Mcleary ​បាន​រៀប​រាប់​ថា រូប​គេ​​ធ្វើ​បាន​ល្អ​បំផុត​​ជា​មួយ​កីឡាករ​ ចាន់ រតនា ​ដែល​មានបទពិសោធច្រើន។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​របស់​ខ្លួន​ដែល​បាន​ប្រកួត​ជា​មួយ​កីឡាករ​​មាន​បទ​ពិសោធ​ច្រើន  និង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ប្រកួត​ជា​មួយ​កីឡាករ​នៅ​ប្រទេស​ផ្សេង ជា​ពិសេស​សម្រាប់​ក្បាច់​គុន​របស់​ប្រទេស​នោះ​ថែម។

នៅ​ពេល​សួរ​ថា តើ​លោក​យល់​យ៉ាង​ណា​អំពី​ការ​ប្រកួត​ល្បុក្កតោ​ដែល​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ? កីឡាករ​​បាន​ឆ្លើយ​ថា ៖«វា​ជាផ្នែកមួយនៃប្រវត្តិ​ប្រវត្តិ​សាស្ត្រ​។ ប្រវត្តិសាស្ឆត្រ​របស់​ប្រទេស​កម្ពុជា។ យើងអាចនិយាយថា យើងប្រកួតក្បាច់គុនសតវត្ស៍ទី៩។ នោះពិតជាល្អណាស់។ វាពិតជាអស្ចារ្យណាស់ដែលបានប្រកួតជាមួយកីឡាករនៅប្រទេសផ្សេងចំពោះកីឡារបស់ពួកគេ»។

ប្រសិន​បើ​មាន​ឱកាស​​ជួប​លើក​ក្រោយ​ទៀត កីឡាករ John Mcleary សង្ឃឹម​ថា រូប​គេ​អាច​ផ្តួល​ ចាន់ រតនា​បាន។ «ប្រសិនបើយើងជួបគ្នាទៀត ខ្ញុំជឿថា ខ្ញុំនឹងផ្តួលគាត់បាន។ ខ្ញុំនឹងឃ្លេគាត់ឲ្យចុះចាញ់»៕

The post កីឡាករហ្វីលីពីន John Mcleary ប្រាប់មូលហេតុដែលយំ ក្រោយចាញ់ ចាន់ រតនា appeared first on zoo666.


Source: News from Zoo666

advanced-floating-content-close-btn