បងប្អូនប៉ះគ្នា! កំពង់ចាមជួបត្បូងឃ្មុំ វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចថ្នាក់ខេត្ត

10

ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 ពានថ្នាក់ខេត្ត ក្រោយឈ្នះខេត្តបន្ទាយមានជ័យ 5ទល់នឹង2 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023។ ជំនួបនេះលេង

 

បានត្រឹមតែពីរនាទីម្ចាស់ផ្ទះនាំមុខមុន តែតបញ្ចូលទីដោយកីឡាករ សាយ សុភ័ណ្ឌ។ តែនៅនាទីទី18 ត្បូងឃ្មុំវាយបកតាមស្មើដោយបាល់ពិន័យ11ម៉ែត្ររបស់កីឡាករប្រធានក្រុម មីន សែតសេន។ មុនចប់តង់ទីមួយ កីឡាករ អ៊ិន សីហា របស់បន្ទាយមានជ័យធ្វើឱ្យមានកំហុសចូលទីខ្លួនឯង។ ចប់តង់ទីមួយ ត្បូងឃ្មុំ នាំមុខ បន្ទាយមានជ័យ 2ទល់នឹង1។

ការប្រកួតតង់ទីពីរអូសបន្លាយដល់នាទីទី71 ទើបត្បូងឃ្មុំរកបានមួយគ្រាប់បន្ថែមទៀត ដោយកីឡាករដូរចូល សាវ៉ី ណូរី មុនពេលដែលកីឡាករ ម៉ើល ចាន់រ៉ា បន្ថែមគ្រាប់ទី៤ឱ្យត្បូងឃ្មុំ 3នាទីបន្ទាប់។ 4នាទីមុនចប់ការប្រកួតកីឡាករ ដេត សុផានិត ធ្វើបានសម្រេចគ្រាប់ទីពីរឱ្យបន្ទាយមានជ័យ។ ជិតចប់ការប្រកួតទៅហើយ ពោល នាទីទី90 បូកបី ត្បូងឃ្មុំធ្វើបានសម្រេចមួយគ្រាប់ទៀត

ដោយគ្រាប់បាល់របស់កីឡាករ កូប រ៉ាវ៉ាត។ ចប់ការប្រកួត ត្បូងឃ្មុំ ឈ្នះបន្ទាយមានជ័យ 5ទល់នឹង2 ហើយសរុបទាំងពីរជើង ត្បូងឃ្មុំ ឈ្នះបន្ទាយមានជ័យ 9ទល់នឹង3 និងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំបានប្រកាសឧបត្ថម្ភថវិកា 10លានរៀល ប្រសិនក្រុមខេត្តដណ្ដើមបានជើងឯក ខណៈបើទទួលបានជើងឯករងឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្ត 5លានរៀលផងដែរ ។

ថ្ងៃជាមួយគ្នា នេះដែរ នៅទីលានបាល់ទាត់ក្នុងកីឡដ្ឋានខេត្តកំពង់ធំ ក្លិបសន្តិភាព ខេត្តកំពង់ធំ និងខេត្តកំពង់ចាមបានត្រឹមតែស្មើគ្នា 0ទល់នឹង0 ទោះបីក្រុមទាំងពីរមានឱកាសរៀងៗខ្លួនក៏ដោយ។ តាមរយៈលទ្ធផលនេះធ្វើឱ្យកំពង់ចាម ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយសារជើងទី1 កំពង់ចាម ឈ្នះ1ទល់នឹង0។

វគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 ត្បូងឃ្មុំ ជួបកំពង់ចាម នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ ចំនែកបន្ទាយមានជ័យ ប្រកួតជាមួយកំពង់ធំ ដណ្តើមចំណាត់ថ្នាក់លេខបី។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ និងកំពង់ចាមស្ថិតក្នុងពូល B ជាមួយគ្នា ហើយពីរប្រកួតក្នុងពូល ត្បូងឃ្មុំ ឈ្នះកំពង់ចាម 1ទល់នឹង0 ទាំងក្នុងនិងក្រៅដី៕

 

advanced-floating-content-close-btn